ការផលិតភាពយន្តគឺជាក្តីសុបិនរបស់ខ្ញុំតាំងពីនៅវ័យកុមារភាព។ ខ្ញុំជាកូនខ្មែរកម្ពុជាក្រោម ដែលតែងតែទៅរៀនអក្សរខ្មែរនៅវត្តបន្ថែមដើម្បីបណ្តុះក្តីសង្ឃឹមក្លាយជាអ្នកនិពន្ធ។ នៅឆ្នាំ១៩៩៩ ខ្ញុំអាយុ៩ឆ្នាំ គ្រួសារខ្ញុំបានផ្លាស់ទីលំនៅមកប្រទេសកម្ពុជាដោយជំនឿចិត្តថាខ្ញុំនឹងក្លាយជាអ្នកនិពន្ធពេលធំឡើង។ ខ្ញុំបានព្យាយាមរៀនវគ្គៗខ្លីអំពីការតែងនិពន្ធ តែខ្ញុំបានត្រឹមធ្វើជាអ្នកយកព័ត៌មាននៅពេលរៀនចប់ ហើយឱកាសក្លាយជាអ្នកនិពន្ធភាពយន្តវាជារឿងដែលលំបាកព្រោះខ្ញុំមិនអាចរកកន្លែងធ្វើការផ្នែកភាពយន្តបាន។ ឆ្នាំ២០១៥ ខ្ញុំបានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនលើការផលិតភាពយន្តជាមួយដើមទុនដំបូង ១០០០ដុល្លារហើយបានការគាំទ្រពីស្វាមីនិងប្អូនៗដែលមករួមការងារកសាងក្រុមហ៊ុននេះឡើងយ៉ាងមោះមុតតាំងពីថ្ងៃចាប់ផ្តើម។
ផ្តើមពីមានចំនួនបុគ្គលិកតែម្នាក់រហូតកើនដល់១៥០នាក់និងបានផ្តល់ឱកាសការងារដល់សិល្បៈករសិល្បៈការិនីប្រមាណ២០០នាក់ក្នុងមួយឆ្នាំ។ យើងចាប់ផ្តើមក្រុមហ៊ុនពីការផលិតភាពយន្តរយៈពេល៣នាទីចាក់ផ្សាយលើFacebook។
បច្ចុប្បន្នយើងផលិតបានភាពយន្តរាប់រយភាគក្នុងមួយឆ្នាំក្នុងនោះយើងមានមាតិការភាពយន្តខុសៗគ្នាដូចជា:
ភាពយន្តភាគខ្នាតវែង ២៥០ភាគ ក្នុងមួយឆ្នាំ
ភាពយន្តខ្នាតធំ ២៤រឿងក្នុងមួយឆ្នាំ
ភាពយន្តជីវិត ៥២រឿង ក្នុងមួយឆ្នាំ
ខ្សែរឿងជីវិត ១៨រឿង មួយឆ្នាំ
យើងមានកម្មវិធីទស្សនាភាពយន្តផ្ទាល់ខ្លួនហៅថា Sastra Film App ដែលមានមាតិការប្លែកៗចេញផ្សាយជាប្រចាំផងដែរ។ យើងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ខ្លួនដើម្បីនាំយកភាពយន្តខ្មែរប្រកបដោយគុណភាពសម្រាប់មនុស្សជុំវិញពិភពលោកទស្សនា។
ជាអគ្គនាយិកា លោកស្រីបានដើរលើវិថីនេះអស់ជាង ៧ឆ្នាំ ដែលបានបង្កើតកូនក្រុមហ៊ុនចំនួន ៥ ដែលស្ថិតក្រោមក្រុមហ៊ុន សាស្ត្រាហ្វៀម បើគិតត្រឹមឆ្នាំ ២០២៣។
Comments